ព្រឹកថ្ងៃអាទិត្យ៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ នៅសាលសន្និសីទខេត្តកំពតមានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤១នៃទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា(២ធ្នូ១៩៧៨-២ធ្នូ២០១៩)។ ពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត ដោយបានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធិសភា ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម ជាវ តាយ បានមានប្រសាសន៍ថា ក្នុងរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ក្រោមការត្រួតត្រារបស់ ប៉ុល ពតបានបង្កវិនាសសកម្មលើគ្រប់វិស័យ ដោយបំផ្លាញអស់នូវរាល់រចនាសម្ព័ន្ធសង្គមជាតិ និងកាប់សម្លាប់ប្រជាជនឯងយ៉ាងរង្គាលបំផុត។ ប្រជាជនកម្ពុជាជាង៣លាន៣សែននាក់បានបាត់បង់ជីវិតយ៉ាងអយុត្តិធម៌ ។ ឯកឧត្តមប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពតបានបញ្ជាក់ថា ព្រោះតែមើលឃើញនូវអំពើដ៏សាហាវយង់ឃ្នងនោះ ទើបកើតមានចលនាបះបោរក្រោកឈរឡើងតស៊ូរបស់ប្រជាជនគ្រប់ទិសទីដោយបង្កើតជារណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជានាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដែលបច្ចប្បន្នមានឈ្មោះថារណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា។ កម្លាំងបដិវត្តន៍នៃរណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា ដោយមានការគាំទ្រពីប្រជាជនគ្រប់ទិសទីក៏បានវាយសម្រុកផ្តាច់ព្រ័តរហូតទទួលបានជ័យជម្នះជាប្រវត្តិសាស្រ្តលើរបបកម្ពុជាប្រជាធិបតេយ្យនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ឯកឧត្តម ជាវ តាយ បានក្រើនរំលឹកផងដែរថា ដូច្នេះសូមបងប្អូន ពិសេសយុវជន យុវនារីទាំងអស់ចងចាំថាមានរណសិរ្យ២ធ្នូឆ្នាំ១៩៧៨ ទើបមាន ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលធ្វើឱ្យប្រជាជនកម្ពុជារួចផុតពីរណ្តៅមរណៈ។ បន្ថែមលើនេះទៀត មានថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ទេីបមានអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃ៕
Monday, December 2, 2019
Home
ព័ត៌មានជាតិ
ខេត្តកំពតប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤១នៃទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា
ខេត្តកំពតប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤១នៃទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា
Subscribe to:
Post Comments (Atom)







No comments:
Post a Comment