ឧត្តរមានជ័យ៖ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានដាក់បទបញ្ជា និងណែនាំដល់ការិយាល័យជំនាញ អធិការក្រុង-ស្រុក ប៉ុស្តិ៍ ពង្រឹងបន្ថែមលើការល្បាត ដើម្បីបង្ការទប់ស្កាត់បទល្មើសផ្សេងៗ អាចកើតមានឡើងដោយយថាហេតុ ក្នុងមូលដ្ឋានទូទាំងខេត្តឧត្ដរមានជ័យ។
ការដាក់បទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ខូវ លី បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពីលោកស្នងការរង លោកនាយផែន លោកនាយការិយាល័យ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក លោកអធិការនគរបាលក្រុងស្រុក លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងមន្រ្ដីជំនាញពាក់ព័ន្ធ។
ជាកិច្ចចាប់ផ្តើម លោកនាយការិយាល័យសរុបផែនការ (ស្ដីទី) បានអានរបាយការណ៍ លទ្ធផលអនុវត្តបានក្នុងខែមីនា ជូនអង្គប្រជុំ។ ជាមួយគ្នានោះដែរ ក៏មានការចូលរួមមតិពីលោកស្នងការរង លោកនាយការិយាល័យ លោកអធិការ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាក់ទងទៅនឹងលទ្ធផលនៃការចុះអនុវត្តការងារនាពេលកន្លងមក បញ្ហាប្រឈម ដំណោះស្រាយ និងការរៀបចំដាក់ចេញនូវផែនការបន្ត ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា កុំឱ្យកើតមានឡើង។
បន្ទាប់ពីមានការចូលរួមមតិយោបល់របស់សមាជិកនៃអង្គប្រជុំ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត ក៏បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ ចំពោះការបង្រ្កាបបទល្មើស Online Scams និងបានធ្វើការកោតសរសើរដល់កងកម្លាំងទាំងអស់ បានខិតខំបំពេញតួនាទីយ៉ាងយកចិត្តទុកដាក់ក្នុងការការពារសន្តិសុខ សណ្តាប់សាធារណៈ បម្រើសេវាចាំបាច់ទូទៅបានយ៉ាងល្អ ទោះបីជាខេត្ដឧត្ដរមានជ័យ កំពុងមានបញ្ហាព្រំដែនជាមួយប្រទេសថៃក៏ដោយ។
ក្នុងនោះផងដែរ លោកស្នងការ បានណែនាំបន្ថែមដល់លោកស្នងការរង លោកនាយការិយាល័យ និងលោកអធិការ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តការងារ និងរាយការណ៍ជាប្រចាំ ដើម្បីសុំយោបល់ និងគោលការណ៍ក្នុងការអនុវត្តការងារឲ្យបានជោគជ័យ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមាន




No comments:
Post a Comment