ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាបូកសរុបលទ្ធផលនៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្តឹងតាមយន្តការការិយាល័យប្រជាពលរដ្ឋ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ជាច្រេីន។
ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញថ្លែង សុន្ទរកថាបើកសិក្ខាសាលាដោយបានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងប្រសិទ្ធភាពក្នុងការផ្តល់សេវារដ្ឋបាល និងការដោះស្រាយបណ្តឹងជូនប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
ឯកឧត្តមបានមានប្រសាសន៍បន្តថា យន្តការច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ គឺជាឧបករណ៍សំខាន់របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់គុណភាពសេវាសាធារណៈ ឱ្យមានភាពងាយស្រួល តម្លាភាព និងឆាប់រហ័សសម្រាប់ប្រជាពលរដ្ឋ។ ឯកឧត្តមបានបន្ថែមថា ការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ គឺជាឱកាសមួយសម្រាប់ពិនិត្យវាយតម្លៃលទ្ធផលដែលសម្រេចបាន បញ្ហាប្រឈម និងបទពិសោធន៍ ដើម្បីកែលម្អការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពនៅឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់។
ឯកឧត្តម ចាន់ សុធា ក៏បានណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិ បន្តពង្រឹងសមត្ថភាពមន្ត្រី បង្កើនការសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ព្រមទាំងជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីធ្វើឱ្យការផ្តល់សេវារដ្ឋបាលកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបបានល្អប្រសើរទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ





No comments:
Post a Comment