ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ លោកជំទាវ សុិន ណម សមាជិកា ក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម អុឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត លោក ពៅ ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ "សេចក្ដីណែនាំស្ដីពីកិច្ចពិគ្រោះយោបល់ភាពជាដៃគូរនៅថ្នាក់ក្រោមជាតិ" ក្រោមអធិបតីភាព ឯកឧត្តម អ៊ឹម សួរ អគ្គលេខាធិការរងគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ហ៊ូ តាំងអេង រដ្ឋលេខាធិការ ក្រសួងផែនការ លោក ជ័យ សម្បត្តិ ប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយ នៃលេខាធិការដ្ឋាន គ.ជ.អ.ប និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងមន្ទីរ-អង្គភាព មកពីខេត្តចំនួន៤ គឺខេត្តសៀមរាប ឧត្តរមានជ័យ ព្រះវិហារ និងខេត្តកំពង់ធំ សរុបចំនួន ៦០នាក់។
គោលដៅសំខាន់នៃសិក្ខាសាលានេះ គឺការផ្សព្វផ្សាយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្តីពី សេចក្តីណែនាំក្នុងការរៀបចំកិច្ចពិគ្រោះយោបល់ភាពជាដៃគូនៅថ្នាក់ក្រោមជាតិហេីយសិក្ខាសាលានឹងផ្តោតលើរបៀបវារៈសំខាន់ចំនួន ០៤ រួមមាន៖
១ -ការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ។
២-សេចក្តីណែនាំស្តីពីកិច្ចពិគ្រោះយោបល់ភាពជាដៃគូនៅថ្នាក់ក្រោមជាតិ ។
៣-បទបង្ហាញស្តីពីប្រព័ន្ធទិន្នន័យហិរញ្ញប្បទានសហប្រតិបត្តិការ និងប្រព័ន្ធទិន្នន័យស្តីពីអង្គការមិនមែនរដ្ឋាភិបាល។
៤-បទបង្ហាញផ្តោតលើការពិភាក្សាពីការធ្វើសមាហរណកម្មយន្តការ ។
គោលបំណងនៃកិច្ចពិគ្រោះយោបល់ភាពជាដៃគូនៅថ្នាក់ក្រោមជាតិគឺ ៖
១-លើកកម្ពស់អភិក្រមនៃការចូលរួមប្រកបដោយបរិយាប័ន្ន ដើម្បីពិនិត្យវឌ្ឍនភាពការអភិវឌ្ឍ និងបញ្ហាប្រឈមនៅមូលដ្ឋាន
២-ពង្រឹងសមត្ថភាពគ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
៣-ពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិ
៤-ចែករំលែកព័ត៌មានរវាងតួអង្គអភិវឌ្ឍន៍ទាំងអស់ដែលបានផ្តល់ការគាំទ្រ ឬអនុវត្តសកម្មភាពនៅថ្នាក់ក្រោមជាតិ
៥-សំខាន់ គឺបំពេញបន្ថែមឲ្យយន្តការដទៃទៀត និងវេទិកាពិគ្រោះយោបល់ថ្នាក់ក្រោមជាតិដែលមានស្រាប់ ។
សិក្ខាសាលានេះនឹងផ្តល់នូវមូលដ្ឋាន និងកាលានុវត្តភាព សម្រាប់ការរៀបចំកិច្ចពិគ្រោះយោបល់ភាពជាដៃគូនៅថ្នាក់ក្រោមជាតិនាពេលខាងមុខ៕







No comments:
Post a Comment