ឯកឧត្តម ទៀ សីហា រំលឹកដល់មន្ទីរធនធានទឹក ឧតុនិយមខេត្ត ត្រូវយកចិត្តទុកដាក់ និងពិនិត្យ គ្រប់គ្រងប្រព័ន្ធស្រោចស្រពដែលមានស្រាប់ ត្រូវតំកល់ទឹកទុកដើម្បីផ្គត់ផ្គង់ទឹកជូនដល់ប្រជាកសិករ - កំពតដេលី

Breaking

Saturday, September 7, 2019

ឯកឧត្តម ទៀ សីហា រំលឹកដល់មន្ទីរធនធានទឹក ឧតុនិយមខេត្ត ត្រូវយកចិត្តទុកដាក់ និងពិនិត្យ គ្រប់គ្រងប្រព័ន្ធស្រោចស្រពដែលមានស្រាប់ ត្រូវតំកល់ទឹកទុកដើម្បីផ្គត់ផ្គង់ទឹកជូនដល់ប្រជាកសិករ

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបបានដឹកនាំប្រតិភូខេត្ត ចុះពិនិត្យមើលស្ថានភាពដំណាំស្រូវ នៅក្នុងឃុំមុខប៉ែន និងឃុំព្រៃជ្រូក ស្ថិតក្នុងស្រុកពួក ខេត្តសៀមរាប ដែលទទួលរងគ្រោះធ្ងន់ធ្ងរជាងគេ ក្នុងបណ្តាស្រុកដទៃទៀត។

នាឱកាសនោះលោក ស៊ិន ចាន់ថុល អភិបាលស្តីទីស្រុកពួក បានឲ្យដឹងពីការងារបង្កបង្កើនផលទូទាំង ស្រុកពួក ក្នុងរដូវវស្សាឆ្នាំ២០១៩នេះ ធ្វើបានសរុប ២៥ពាន់២៥០ ហិកតា តែដោយរដូវប្រាំងបានអូសបន្លាយរយៈពេលយូរ និងខ្វះខាតនូវទឹកស្រោចស្រព និង គ្មានទឹកភ្លៀងធ្លាក់ផងនោះ បានធ្វើឲ្យប៉ះពាល់ដំណាំស្រូវ សរុប ៨ពាន់៥២៥ហិកតា ក្នុងនោះធ្វើឲ្យដំណាំស្រូវស្រាលមាន ២ពាន់៤៤០ ហិកតា ដែលដល់ពេលចេញផ្លែហើយ បានជួបនូវគ្រោះរាំងស្ងួតបណ្តាល ឲ្យខូចខាត។ នៅក្នុងរយៈពេលកន្លងមកនេះ ដោយរដូវប្រាំងបានអូសបន្លាយរយៈពេលវែង បានធ្វើឲ្យដំណាំស្រូវរបស់បងប្អូនប្រជា កសិករ នៅតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តសៀមរាប ទទួលរងគ្រោះភាពរាំងស្ងួតបានធ្វើឲ្យដំណាំស្រូវជាច្រើនពាន់ហិកតាទទួលរងផលប៉ះពាល់ ព្រមទាំងខូចខាតទាំងស្រុងទៀតផង ។

ក្រោយពីទទួលរងភាពរាំងស្ងួត ក៏មានភ្លៀងធ្លាក់ជា បន្តបន្ទាប់នៅគ្រប់តំបន់ក្នុងភូមិសាស្ត្រខេត្តសៀមរាប ក្នុងរយៈពេលជិតមួយអាទិត្យមកនេ បានធ្វើឲ្យដំណាំស្រូវដែលទទួល រងគ្រោះទាំងនោះ មានភាពលូតលាស់ខៀវស្រងាត់ឡើងវិញ ។ លោកក៏បានបន្តទៀតថា ក្រោយពេលទទួលបានរបបទឹកភ្លៀងធ្លាក់ជាបន្តបន្ទាប់ ធ្វើឲ្យស្រូវដែលទទួលរងនូវ ផលប៉ះពាល់ទាំងនោះ មានសភាពលូតលាស់ល្អមកវិញ តែស្រូវខ្លះបានហួសរយៈពេលនៃការលូតលាស់ផងដែរ ។ លោក បន្តទៀតថា ទោះបីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក៏ពិតមែន តែនៅតាមវាលស្រែក៏គ្មានទឹកដកសម្រាប់ដំណាំស្រូវលូតលាស់នៅឡើយ ។

ឯកឧត្តម ទៀ សីហា ក៏បានលើកផងដែរថា តាមការពិនិត្យពីស្ថានភាពនៃវាលស្រែរបស់បងប្អូនប្រជាកសិករ គឺពួកគាត់ធ្វើស្រែ ពុំមានទំនប់ទប់ស្កាត់ តំកល់ទឹកទុកក្នុងស្រែ ដែលធ្វើឲ្យដីស្រែរបស់បងប្អូនគ្មានទឹកដកនៅសម្រាប់ចិញ្ចឹមស្រូវ ។ ម៉្យាងទៀតដោយបងប្អូនប្រជាកសិករគាត់គិតមិនដល់អំពីអត្ថប្រយោជន៍ក្នុងការធ្វើប្រព័ន្ធភ្លឺស្រែរបស់ខ្លួន នៅពេលដែលបងប្អូនធ្វើការដាក់ជីស្រែ តែគ្មានភ្លឺបិតបាំង ពេលទឹកចូលមកដល់នោះ ជីទាំងនោះទឹកនឹងហូរនាំទៅអស់ពីស្រែរបស់បងប្អូន ។

ក្នុងនោះដែរ ឯកឧត្តមមានការព្រួយបារម្ភ ចំពោះដំណាំស្រូវដែលរងផលប៉ះពាល់ ហើយបានទទួលទឹកភ្លៀងនាពេលនេះ ស្រូវមួយចំនួនបានហួសពេលនៃការលូតលាស់ ដែលធ្វើឲ្យខាតបង់ពេលវេលា ក្នុងការបង្ក បង្កើនផលរបស់បងប្អូនប្រជាកសិករ ព្រមទាំងមិនបានទទួលភោគផលទៀតផង ។ ឯកឧត្តមក៏បានធ្វើការណែនាំដល់អាជ្ញាធរស្រុក ឃុំ ក៏ដូចមន្ទីរជំនាញពាក់ព័ន្ធ គឺត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាស្រូវពូជ របស់រាជរដ្ឋាភិបាល ដែលបានចែកជូនបងប្អូននាពេលកន្លងមក ដើមី្បធ្វើការស្តារឡើងវិញ ក្នុងការងារបង្កបង្កើនផលរបស់បងប្អូននៅពេលខាងមុខនេះ ។

ឯកឧត្តមក៏បានធ្វើការក្រើនរំលឹកដល់មន្ទីរធនធានទឹក ឧតុនិយមខេត្ត ត្រូវយកចិត្តទុកដាក់ និងពិនិត្យ គ្រប់គ្រងប្រព័ន្ធស្រោចស្រពដែលមានស្រាប់ និងមានវិធានការក្នុងការទប់ស្កាត់ ថែរក្សាតំកល់ទឹកទុក ដើមី្បសម្រាប់ធ្វើការផ្គត់ ផ្គង់ទឹកជូនដល់ប្រជាកសិករ ក្នុងការស្រោចស្រពស្រូវបណ្តេញទឹក និងស្រែប្រាំង ។ ក្នុងនោះដែរឯកឧត្តមក៏បានធ្វើការ អំពាវនាវដល់ប្រជាពលរដ្ឋ និង ប្រជាកសិករទាំងអស់ ត្រូវចូលរួមក្នុងការថែរក្សាទឹកនៅតាមប្រឡាយ បឹងបួរ មិនត្រូវធ្វើការ ប្រើប្រាស់ខ្ជះខ្ជាយ ឬ កាប់បង្ហូរទឹកចោលឡើយ   គឺយើងត្រូវយកទឹកទាំងនោះប្រើប្រាស់ឲ្យសុពលភាពមុនហូរចោលទៅបឹងទន្លេសាប ព្រមទាំងត្រូវចេះជ្រើសរើសគ្រប់ពូជ ក្នុងការដាំដុះ រួមទាំងការប្រើប្រាស់ជីផងដែរ ៕



No comments:

Post a Comment

Pages