ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអំពាវនាវឱ្យមន្ត្រីរាជការ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ក្នុងការការពារនឹងជំងឺកូវីដ-១៩បន្តទៀត ដើម្បីបញ្ចៀសឱ្យបាននូវការឆ្លងរាតត្បាតនៃជំងឺនេះ ដោយឱ្យពួកគាត់អនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងបន្តថែរក្សាការពារអនាម័យ ដោយពាក់ម៉ាស់ លាងដៃនឹងសាប៊ូ ឬអាល់កុល ឬជែលឱ្យត្រឹមត្រូវ។
ឯកឧត្តមអភិបាលខេត្ត អំពាវនាវបែបនេះក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តការងារ និងផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ របស់រដ្ឋបាលស្រុកកៀនស្វាយ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០។
ឯកឧត្តមបន្តថា បើទោះបីជាក្នុងរយៈពេលចុងក្រោយនេះ មិនមានកំណើនប្រជាពលរដ្ឋក្នុងការឆ្លងជំងឺកូវីដ-១៩នេះនៅក្នុងខេត្តកណ្ដាល និងទូទាំងប្រទេសក្ដី តែយើងមិនត្រូវមានការធ្វេសប្រហែសឡើយ ដូច្នេះយើងត្រូវតែបន្តផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋ ក្នុងការធ្វើអនាម័យខ្លួនប្រាណជាប្រចាំ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានស្នើឱ្យអាជ្ញាធរត្រូវកែប្រែឥរិយាបថពីអ្នកត្រួតត្រាទៅជាអ្នកផ្ដល់សេវាប្រកបដោយប្រសិទ្ធភាព តម្លាភាព និងភាពឆ្លើយតប ដោយប្រកាន់ខ្ជាប់នូវឥរិយាបថទាំងបួនរបស់មន្ត្រីរាជការគឺ ឆន្ទៈ ម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ ដោយរួមសាមគ្គីភាព សហការគ្នាយ៉ាងសកម្មក្នុងការផ្ដល់សេវាសាធាណៈ ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការកសាង និងអភិវឌ្ឍខេត្តឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ដែលជាមូលដ្ឋានក្នុងការទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រក្នុងខេត្ត។ ពិសេសត្រូវបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត នូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ត្រូវធ្វើយ៉ាងណាខិតខំរួមគ្នា លុបបំបាត់ឱ្យបាននូវ បញ្ហាគ្រឿងញៀន ល្បែងស៊ីសង ចោរកម្មគ្រប់ប្រភេទក្នុងមូលដ្ឋានដើម្បីធានាឲ្យបាននូវភាពសុខសាន្តក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ។
នាពិធីដ៏មានអត្ថន័យនេះ ឯកឧត្តម បាននាំយកនូវ ថវិកា និងសម្ភារមួយចំនួន ដូចជា ម៉ាស ជែលលាងដៃ និងសារ៉ុង ជូនដល់សមាជិក សមាជិកា នៃអង្គពិធីផងដែរ។
Tuesday, May 19, 2020
Home
ព័ត៌មានជាតិ
អភិបាលខេត្តកណ្តាល បានអំពាវនាវឱ្យមន្ត្រីរាជការ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ក្នុងការការពារនឹងជំងឺកូវីដ-១៩បន្តទៀត
អភិបាលខេត្តកណ្តាល បានអំពាវនាវឱ្យមន្ត្រីរាជការ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ក្នុងការការពារនឹងជំងឺកូវីដ-១៩បន្តទៀត
Subscribe to:
Post Comments (Atom)








No comments:
Post a Comment