ព្រៃវែង៖ នៅពេលដែលសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ត្រូវបានថ្នាក់ដឹកនាំ និងសាធារណជន ទទួលស្គាល់ថាជាស្ថាប័នឈានមុខមួយ ទាំងផ្នែករចនាសម្ព័ន្ធ ថវិកាទ្រទ្រង់ ហេដ្ឋារចនាសម្ព័ន្ធ ផែនការ និងសកម្មភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយស បានបន្តជំរុញ និងលើកទឹកចិត្តឱ្យស្ថាប័នមួយនេះ ខិតខំបំពេញបេសកកម្មមនុស្សធម៌ឱ្យបានសកម្ម និងចំគោលដៅ ដើម្បីរួមចំណែកសម្រេចទិសដៅរួមរបស់កាកបាទក្រហមកម្ពុជា ឆ្លើយតបតម្រូវការចាំបាច់របស់ជនរងគ្រោះ និងងាយរងគ្រោះឱ្យបានទាន់ពេលវេលាដោយមិនទុកនរណាម្នាក់ចោលនោះឡើយ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ជាមួយលោកជំទាវ ក្នុងពិធីសម្ពោធអគារសិក្សា២ខ្នង មាន៨បន្ទប់ និងកន្លែងលាងដៃ១០កន្លែង នៅមត្តេយ្យសិក្សាពោធិ៍ជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា កាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបាននូវបេសកកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាដែលបានអនុវត្តលើវិស័យទាំង៤ និងគោរពគោលការណ៍គ្រឹះទាំង៧។ គោលការណ៍ទាំងនោះ មានជាអាទិ៍ ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹត្យ ឯករាជភាព សេវាស័្មគ្រចិត្ត ឯកភាព និងសកលភាព ដែលស្ថិតក្រោមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា។
បើតាមឯកឧត្តមអភិសន្តិបណ្ឌិត បេសកកម្មសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង មិនមែនផ្ដោតតែលើមូលដ្ឋានខេត្តប៉ុណ្ណោះទេ ប៉ុន្តែបានពង្រីកវិសាលភាពរួមចំណែកជួយជាតិនិងប្រជាជនក្នុងបេសកម្មមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជា ជាច្រើនសកម្មភាពទៀត ក្នុងនោះជាពិសេសចុងក្រោយនេះ បានចូលរួមចំណែកគាំទ្រការសម្រាលទុក្ខលំបាកនិងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋភៀសសឹក និងជនងាយរងគ្រោះ ដោយសារអំពើឈ្លានពានដែនអធិបតេយ្យកម្ពុជា និងរំលោភច្បាប់អន្តរជាតិពីសំណាក់រដ្ឋាភិបាល និងយោធាថៃ។ ឯកឧត្តមបានសង្កត់ធ្ងន់ក្នុងន័យដើមថា "យើងម្នាក់ៗនៅមានកាតព្វកិច្ចរួមចំណែកជួយប្រជាពលរដ្ឋភៀសសឹកជាង៣ម៉ឺននាក់ទៀតដែលមិនទាន់អាចវិលទៅលំនៅឋាន"។
សូមបញ្ជាក់ថា ពិធីសម្ពោធសមិទ្ធផលសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង នាថ្ងៃនេះ រួមមានអគារមតេ្តយ្យសិក្សាពោធិ៍ជ្រៃចំនួន១ខ្នង បណ្ដោយ៣២ម៉ែត្រ ទទឹង១១,២ម៉ែត្រ កម្ពស់៤,១ម៉ែត្រ ស្មើនឹង៤បន្ទប់ មានបំពាក់សម្ភារសិក្សា គ្រឿងសង្ហារឹម បន្ទប់អនាម័យ៨ កន្លែងលេងកម្សាន្តកុមារ១ និងរៀបចំបន្ថែម សួនក្រាលស្មៅចំនួន១.១៧៦ម៉ែត្រការ៉េ ចាក់បេតុង២២៦ម៉ែត្រការ៉េ និងធ្វើរបង១១៥,៧ម៉ែត្រ ចំណាយថវិកាសរុប ៨៧.៥០០ដុល្លារ។ សមិទ្ធផលអគារមួយទៀតគឺអគារមត្តេយ្យសិក្សារោងដំរី ១ខ្នង បណ្ដោយ៣២ម៉ែត្រ ទទឹង១១,២ម៉ែត្រ កម្ពស់៤,១ម៉ែត្រ ស្មើនឹង៤បន្ទប់ បំពាក់សម្ភារសិក្សា និងគ្រឿងសង្ហារឹម និងមានបន្ទប់អនាម័យ៨ ចំណាយថវិកាអស់៧០.០០០ដុល្លារ។
ដោយឡែកសមិទ្ធផលដែលបានដាក់បញ្ចូលក្នុងពិធីសម្ពោធនាឱកាសនោះដែរ រួមមានកន្លែងលាងដៃចំនួន១០កន្លែង នៅវិទ្យាល័យចំនួន៩ និងអនុវិទ្យាល័យចំនួន១ ក្នុងក្រុង-ស្រុកចំនួន៨ គឺក្រុងព្រៃវែង១កន្លែង ស្រុកស្វាយអន្ទរ១កន្លែង ស្រុកកញ្ជ្រៀច១កន្លែង ស្រុកស៊ីធរកណ្ដាល១កន្លែង ស្រុកពារាំង១កន្លែង ស្រុកពាមជរ៨កន្លែង ស្រុកពោធិ៍រៀង១កន្លែង និងស្រុកបាភ្នំ ១កន្លែង ដោយសមិទ្ធផលទាំងនេះ ចំណាយថវិកាសរុបចំនួន១៩.៥០០ដុល្លារ៕

No comments:
Post a Comment